រូបក្របតំណាង និងរូបភាពផ្សេងទៀតដែលបំពានគោលការណ៍ណែនាំសហគមន៍របស់យើងមិនត្រូវបានអនុញ្ញាតឱ្យមាននៅលើ YouTube ទេ។ រូបភាពរួមមាន ផ្ទាំងបដា អវតារ សារបង្ហោះ និងមុខងារ YouTube ផ្សេងទៀតដែលមានរូបភាព។ ក្នុងករណីមួយចំនួន យើងអាចធ្វើការលើកលែងចំពោះខ្លឹមសារដែលមានបរិបទអប់រំ ឯកសារ វិទ្យាសាស្ត្រ ឬសិល្បៈ រួមទាំងខ្លឹមសារដែលជាប្រយោជន៍សាធារណៈ។
ប្រសិនបើអ្នករកឃើញរូបក្របតំណាង ឬរូបភាពផ្សេងទៀតដែលបំពានគោលការណ៍នេះ សូមរាយការណ៍រូបភាពទាំងនោះ។ ប្រសិនបើអ្នករកឃើញមតិ ឬវីដេអូមួយចំនួនតូចដែលអ្នកចង់រាយការណ៍ អ្នកអាចរាយការណ៍ប៉ុស្តិ៍បាន។
តើគោលការណ៍នេះមានន័យយ៉ាងណាចំពោះអ្នក
កុំបង្ហោះរូបក្របតំណាង ឬរូបភាពផ្សេងទៀតនៅលើ YouTube ប្រសិនបើវាបង្ហាញ៖
- រូបភាពអាសអាភាស
- សកម្មភាពផ្លូវភេទ ការប្រើឧបករណ៍រួមភេទ ចំណង់ផ្លូវភេទ ឬរូបភាពបំពេញចំណង់ផ្លូវភេទផ្សេងទៀត
- ភាពអាក្រាត រួមទាំងសរីរៈបន្តពូជ
- រូបភាពដែលបង្ហាញទង្វើផ្លូវភេទដែលមិនចង់បាន
- រូបភាពហិង្សាដែលមានបំណងធ្វើឱ្យរន្ធត់ ឬខ្ពើមរអើម
- រូបភាពស្ដែង ឬរំខានដែលមានឈាម ឬទិដ្ឋភាពរបួសគួរឱ្យញញើត
- ភាសាអាសគ្រាម ឬអាសអាភាស
- រូបក្របតំណាងដែលធ្វើឱ្យអ្នកមើលយល់ខុសថា ពួកគេហៀបនឹងមើលអ្វីមួយដែលមិនមាននៅក្នុងវីដេអូ
ចំណាំ៖ បញ្ជីខាងលើគឺមិនពេញលេញនោះទេ។
ការដករូបក្របតំណាង និងរូបក្របតំណាងដែលត្រូវបានដាក់កំហិតអាយុចេញ
ជួនកាល រូបក្របតំណាងអាចនឹងមិនសមស្របសម្រាប់ទស្សនិជនទាំងអស់ ប៉ុន្តែវាមិនបំពានគោលការណ៍ណែនាំសហគមន៍របស់យើងទេ។ នៅពេលមានករណីនោះកើតឡើង យើងអាចនឹងដាក់កំហិតអាយុលើវីដេអូ ឬយើងអាចដករូបក្របតំណាងចេញ ប៉ុន្តែយើងមិនចេញការពិន័យលើប៉ុស្តិ៍របស់អ្នកទេ។ ប្រសិនបើយើងដករូបក្របតំណាងចេញ យើងនឹងជូនដំណឹងទៅអ្នក ហើយអ្នកអាចបង្ហោះរូបក្របតំណាងផ្សេងបាន។
នេះជាអ្វីដែលយើងពិចារណា នៅពេលយើងដកចេញ ឬដាក់កំហិតអាយុលើប្រភេទនៃរូបក្របតំណាងទាំងនេះ៖
- ថាតើសរីរៈបន្តពូជ សុដន់ ឬគូទគឺជាចំណុចផ្ដោតរបស់រូបក្របតំណាងឬអត់
- ថាតើតួអង្គដែលត្រូវបានបង្ហាញ មានឥរិយាបថ ឬមានសម្លៀកបំពាក់ដែលមានគោលបំណងដាស់អារម្មណ៍ផ្លូវភេទដល់អ្នកមើលឬក៏អត់
- ថាតើរូបភាពដែលហិង្សា ឬបង្ហូរឈាម គឺជាចំណុចផ្ដោតនៃរូបក្របតំណាងឬក៏អត់
- ថាតើអត្ថបទជាលាយលក្ខណ៍អក្សរមានគោលបំណងប្រមាថ ឬធ្វើឱ្យតក់ស្លុត ឬស្អប់ខ្ពើមដល់អ្នកមើលឬអត់
- ថាតើចំណងជើង ការពណ៌នា ស្លាក ឬទិន្នន័យផ្សេងទៀតបង្ហាញនូវចេតនាធ្វើឱ្យតក់ស្លុត ឬស្អប់ខ្ពើមដល់អ្នកមើលឬអត់
អ្វីដែលកើតឡើង នៅពេលរូបក្របតំណាងបំពានគោលការណ៍របស់យើង
ប្រសិនបើរូបក្របតំណាងរបស់អ្នកមានរូបអាសអាភាស យើងអាចបិទប៉ុស្តិ៍របស់អ្នក។ ប្រសិនបើរូបក្របតំណាងរបស់អ្នកបំពានគោលការណ៍ផ្សេងទៀត យើងនឹងដករូបក្របតំណាងចេញ ហើយអាចចេញការពិន័យលើគណនីរបស់អ្នក។ ប្រសិនបើនេះជាលើកដំបូងដែលអ្នកបានបង្ហោះខ្លឹមសារដែលបំពានគោលការណ៍ណែនាំសហគមន៍របស់យើង អ្នកទំនងជានឹងទទួលបានការព្រមានដោយមិនមានការពិន័យចំពោះប៉ុស្តិ៍របស់អ្នក។ អ្នកនឹងមានជម្រើសចូលរួមការបណ្ដុះបណ្ដាលអំពីគោលការណ៍ ដើម្បីឱ្យការព្រមាននេះផុតកំណត់បន្ទាប់ពី 90 ថ្ងៃ។ ប៉ុន្តែប្រសិនបើរូបក្របតំណាងណាមួយរបស់អ្នកបំពានគោលការណ៍ដដែលក្នុងចន្លោះពេល 90 ថ្ងៃនោះ ការព្រមានអាចនឹងមិនផុតកំណត់ឡើយ ហើយប៉ុស្តិ៍របស់អ្នកអាចទទួលបានការពិន័យ។ ប្រសិនបើអ្នកបំពានគោលការណ៍ផ្សេងបន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលនេះ អ្នកនឹងទទួលបានការព្រមានមួយទៀត។
ប្រសិនបើអ្នកទទួលបានការពិន័យចំនួនបីដងក្នុងរយៈពេល 90 ថ្ងៃ ឬប៉ុស្តិ៍របស់អ្នកផ្ដោតតែលើខ្លឹមសារបំពាន នោះប៉ុស្តិ៍របស់អ្នកអាចត្រូវបានបិទ។ ស្វែងយល់បន្ថែមអំពីប្រព័ន្ធនៃការពិន័យរបស់យើង។
យើងអាចបិទប៉ុស្តិ៍ ឬគណនីរបស់អ្នក ដោយសារការបំពានម្តងហើយម្តងទៀតលើគោលការណ៍ណែនាំសហគមន៍ ឬលក្ខខណ្ឌប្រើប្រាស់។ យើងក៏អាចបិទប៉ុស្តិ៍ ឬគណនីរបស់អ្នកផងដែរ បន្ទាប់ពីមានករណីបំពានធ្ងន់ធ្ងរតែមួយលើក ឬនៅពេលដែលប៉ុស្តិ៍ផ្ដោតលើតែការបំពានគោលការណ៍។ យើងអាចទប់ស្កាត់អ្នកបំពានម្ដងហើយម្ដងទៀតមិនឱ្យចូលរួមការបណ្ដុះបណ្ដាលអំពីគោលការណ៍នាពេលខាងមុខ។ ស្វែងយល់បន្ថែមអំពីការបិទប៉ុស្តិ៍ ឬគណនី។