អត្ថបទនេះផ្ដល់ដំបូន្មានមានប្រយោជន៍អំពីការរៀបចំបណ្ដាញរបស់អ្នក ការប្រើកាមេរ៉ាបណ្ដាញ និងការរៀបចំអ៊ីនកូឌ័ររបស់អ្នក ដើម្បីផ្សាយបន្តផ្ទាល់ដោយជោគជ័យនៅលើ YouTube។ ស្វែងយល់បន្ថែមអំពីរបៀបចាប់ផ្ដើមការផ្សាយបន្តផ្ទាល់។
Intro To Live Streaming on YouTube
ការរៀបចំការកំណត់បណ្ដាញ
- មានកម្រិតបញ្ជូនគ្រប់គ្រាន់៖ កម្រិតប៊ីតសរុបដែលអ្នកកំពុងផ្សាយមិនអាចលើសពីចំនួនកម្រិតបញ្ជូនដែលអាចប្រើបានសម្រាប់ការបង្ហោះទេ។ សូមទុកឱ្យនៅសល់គម្លាតបន្តិច (គួរទុក 20%)។
- មានការតភ្ជាប់ល្បឿនលឿន៖ ការិយាល័យរបស់អ្នកអាចមានការតភ្ជាប់ល្បឿនលឿន ប៉ុន្តែប្រសិនបើមានមនុស្សច្រើននាក់កំពុងប្រើបណ្ដាញនោះរួមគ្នា ការតភ្ជាប់នីមួយៗរបស់អ្នកអាចត្រូវបានកាត់បន្ថយ។
- ធ្វើតេស្តល្បឿន៖ កម្រិតបញ្ជូនចូលក្នុង (ល្បឿនទាញយក) ជាធម្មតាគឺលើសពីកម្រិតបញ្ជូនចេញក្រៅ (ល្បឿនបង្ហោះ)។ ត្រូវប្រាកដថាការតភ្ជាប់ចេញក្រៅរបស់អ្នកគឺគ្រប់គ្រាន់សម្រាប់បញ្ជូនកម្រិតប៊ីតនៃការផ្សាយរបស់អ្នក។ សូមណែនាំឱ្យមានការតភ្ជាប់ចម្បង + បម្រុង + 20%។
- មានបណ្ដាញដែលអាចទុកចិត្តបាន៖ ភាពរអាក់រអួលដល់ការតភ្ជាប់របស់អ្នកអាចបណ្ដាលឱ្យដាច់ការផ្សាយ។
ការប្រើកាមេរ៉ាបណ្ដាញ
- គុណភាពផ្សាយ៖ អ្នកអាចផ្សាយដោយប្រើកុំព្យូទ័រយួរដៃ និងកាមេរ៉ាបណ្ដាញបាន ប៉ុន្តែឧបករណ៍កាន់តែល្អ ផ្ដល់គុណភាពផ្សាយបន្តផ្ទាល់កាន់តែប្រសើរ។
- អ៊ីនកូឌ័រកម្មវិធី៖ អ្នកអាចប្រើកម្មវិធីបំប្លែងកូដដូចជា Wirecast ឬ YouTube Webcam ជាដើម។
- កម្រិតផលិតកម្ម៖ សម្រាប់ព្រឹត្តិការណ៍ដែលមានតម្លៃផលិតកម្មកាន់តែខ្ពស់ យើងសូមណែនាំឱ្យប្រើអ៊ីនកូឌ័រហាតវែរកម្រិតអាជីព។
- ធ្វើតេស្តការរៀបចំរបស់អ្នក៖ ត្រូវប្រាកដថាអ្នកធ្វើតេស្តលើការរៀបចំរបស់អ្នកយ៉ាងហ្មត់ចត់ មុនព្រឹត្តិការណ៍របស់អ្នក។
ការប្រើការបំប្លែងកូដ
- រៀបចំការផ្សាយមុនពេល៖ រៀបចំអ៊ីនកូឌ័រសម្រាប់ការផ្សាយបន្តផ្ទាល់យ៉ាងតិច 2 ម៉ោងជាមុន។
- រៀបចំអ៊ីនកូឌ័រមុនពេល៖ ចាប់ផ្ដើមអ៊ីនកូឌ័រយ៉ាងតិច 15 នាទី មុនព្រឹត្តិការណ៍ត្រូវបានកំណត់ពេលឱ្យចាប់ផ្ដើម។
- មើលការផ្សាយរបស់អ្នកសាកល្បង៖ មុនពេលចុចចាប់ផ្ដើមការផ្សាយ សូមពិនិត្យការមើលសាកល្បងនៅក្នុងបន្ទប់គ្រប់គ្រងការផ្សាយផ្ទាល់។
- រៀបចំអ៊ីនកូឌ័របម្រុង៖ ដើម្បីធ្វើតេស្តអ៊ីនកូឌ័របម្រុងពេលអ៊ីនកូឌ័រចម្បងមិនដំណើរការ សូមបញ្ឈប់អ៊ីនកូឌ័រចម្បង (ឬដកខ្សែអ៊ីសឺរណិត) និងត្រូវប្រាកដថាកម្មវិធីចាក់ផ្ទេរទៅអ៊ីនកូឌ័របម្រុង។
- ពិនិត្យមើលឯកសារក្នុងបណ្ណសារលើឧបករណ៍៖ ផ្ទៀងផ្ទាត់សុក្រឹតភាពនៃឯកសារក្នុងបណ្ណសារទាំងអស់លើឧបករណ៍។ សូមពិនិត្យមើលដើម្បីបញ្ជាក់ថា ទំហំឯកសារក្នុងបណ្ណសារលើឧបករណ៍កំពុងកើនឡើង។
- ពិនិត្យមើលថាការផ្សាយបន្តផ្ទាល់កំពុងបង្ហាញ៖ ផ្ទៀងផ្ទាត់ថាអាចចូលទៅកាន់ព្រឹត្តិការណ៍តាមរយៈទំព័រមើល និងប៉ុស្តិ៍បាន។
- ពិនិត្យមើលការផ្សាយបន្តផ្ទាល់លើឧបករណ៍ចល័ត៖ ផ្ទៀងផ្ទាត់ថាអាចចូលទៅកាន់ព្រឹត្តិការណ៍តាមរយៈឧបករណ៍ចល័តបាន។
- ពិនិត្យមើលសំឡេង និងវីដេអូ៖ តាមដានគុណភាពសំឡេង និងវីដេអូនៃការផ្សាយជាប់ជានិច្ច។
- នៅពេលបញ្ចប់ សូមបញ្ឈប់អ៊ីនកូឌ័រ៖ បន្ទាប់ពីព្រឹត្តិការណ៍របស់អ្នកបានឈប់នៅលើ YouTube សូមបញ្ឈប់អ៊ីនកូឌ័រ។
ការរក្សាសុវត្ថិភាពក្នុងការផ្សាយបន្តផ្ទាល់
- ខ្លឹមសារ៖ ដឹងពីប្រភេទវីដេអូដែលត្រូវផ្សាយ។ នៅពេលថតវីដេអូអំពីមនុស្សវ័យជំទង់ មិត្តរួមថ្នាក់ ឬមិត្តភក្ដិរបស់អ្នក សូមចងចាំថាវីដេអូទាំងនោះមិនគួរមានខ្លឹមសារដែលធ្វើឱ្យមានអារម្មណ៍ផ្លូវភេទ ហិង្សា ឬគ្រោះថ្នាក់ទេ។
- សូមចំណាំថា វិធាននេះក៏អនុវត្តចំពោះការជជែកផ្ទាល់ផងដែរ។ ស្វែងយល់បន្ថែមអំពីគោលការណ៍ណែនាំសហគមន៍របស់យើង។
- ព័ត៌មានផ្ទាល់ខ្លួន៖ ត្រូវប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មានផ្ទាល់ខ្លួនទាំងឡាយក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់ និងជជែកផ្ទាល់របស់អ្នក។ សិទ្ធិចូលប្រើជាអ្នកគ្រប់គ្រងសម្រាប់ប៉ុស្តិ៍របស់អ្នកគួរតែផ្ដល់ឱ្យបុគ្គលដែលអ្នកជឿទុកចិត្តប៉ុណ្ណោះ។ YouTube នឹងមិនស្នើសុំសិទ្ធិសម្របសម្រួលពីអ្នកនៅក្នុងការផ្សាយទេ។
- ការគ្រប់គ្រង៖ រាយការណ៍វីដេអូមិនសមរម្យ ឬទប់ស្កាត់អ្នកប្រើប្រាស់កុំឱ្យធ្វើការជជែកដែលធ្វើឱ្យអ្នក ឬអ្នកដទៃមានអារម្មណ៍មិនស្រួលចិត្ត។ ស្វែងយល់បន្ថែមអំពីការគ្រប់គ្រងការជជែកផ្ទាល់។
- ឯកជនភាព៖ YouTube មានមុខងារសម្រាប់ជួយអ្នកក្នុងការដាក់កំហិតថាតើអ្នកណាខ្លះដែលអាចមើលឃើញការផ្សាយបន្តផ្ទាល់ដែលអ្នកបង្ហោះ។ ការពារឯកជនភាពរបស់អ្នកដោយកំណត់ការផ្សាយបន្តផ្ទាល់លក្ខណៈផ្ទាល់ខ្លួនទៅ "ឯកជន" ឬ "គ្មានក្នុងបញ្ជី"។ សូមប្រើទំព័រការកំណត់ឯកជនភាព និងសុវត្ថិភាព ដើម្បីរុករកឧបករណ៍ដែលអាចប្រើសម្រាប់ជួយអ្នកក្នុងការគ្រប់គ្រងបទពិសោធន៍ប្រើប្រាស់របស់អ្នកនៅលើគេហទំព័រ។